ព្រះត្រៃបិដក ភាគ ៧៧

សុមេធ​ពុទ្ធវង្ស ទី១១


 [១២] ក្នុង​កាល​ជា​ខាងក្រោយ អំពី​ព្រះសម្ពុទ្ធ ព្រះ​នាម​បទុមុ​ត្ត​រៈ​មក មាន​ព្រះពុទ្ធ​ព្រះនាម​សុ​មេ​ធៈ ព្រះអង្គ​ជានា​យក គេ​គ្រប​សង្កត់​បាន​ដោយ​ក្រ ទ្រង់​មាន​ព្រះ​តេជះ​ដ៏​ខ្ពង់ខ្ពស់ ជា​ព្រះ​ជិនស្រី​ដ៏​ប្រសើរ​ឧត្តម​ជាង​លោក​ទាំងមូល។ ព្រះអង្គ​មាន​ព្រះនេត្រ​ថ្លា​ស្អាត មាន​ព្រះ​ភក្ត្រ​ល្អល្អះ មាន​ព្រះ​សរីរៈ​ធំ មាន​ព្រះ​សរីរៈ​ត្រង់​ល្អ មាន​ព្រះ​តេជះ ទ្រង់​ស្វែងរក​ប្រយោជន៍​ដល់​សត្វ​ទាំងពួង ទ្រង់​ញ៉ាំង​សត្វ​ទាំងឡាយ​ច្រើន ឲ្យ​រួចចាក​ចំណង។ កាលណា ព្រះពុទ្ធ​ទ្រង់​បាន​ដល់​នូវ​ពោធិញ្ញាណ​ដ៏​ឧត្តម សព្វគ្រប់​ហើយ ទ្រង់​ញ៉ាំង​ធម្មចក្រ​ឲ្យ​ប្រព្រឹត្តទៅ ក្នុង​នគរ​ឈ្មោះ​សុ​ទស្សនៈ។ ក្នុង​កាល​សម្តែង​ធម៌​ទេសនា​នៃ​ព្រះពុទ្ធ​ព្រះនាម​សុ​មេ​ធៈ​អង្គ​នោះ មានការ​ត្រាស់​ដឹង ៣ លើក គឺ​ការ​ត្រាស់​ដឹង​ទី ១ មាន​ពួក​សត្វ​មួយ​សែន​កោដិ។ តមកទៀត ការ​ត្រាស់​ដឹង​ទី ២ មាន​ពួក​សត្វ​ប្រមាណ ៩០ ពាន់​កោដិ ក្នុង​គ្រាដែល​ព្រះ​ជិនស្រី ទ្រង់​ទូន្មាន​យក្ស​ឈ្មោះ​កុម្ភ​កណ្ណៈ។
ថយ | ទំព័រទី ១២៨ | បន្ទាប់
ID: 637644671929974599
ទៅកាន់ទំព័រ៖