ព្រះត្រៃបិដក ភាគ ៧៧
តិស្សពុទ្ធវង្ស ទី១៧
[១៨] ក្រោយពីព្រះពុទ្ធ ព្រះនាមសិទ្ធត្ថៈមក មានព្រះពុទ្ធ ព្រះនាមតិស្សៈ ជានាយកដ៏ប្រសើរក្នុងលោក ទ្រង់មិនមានបុគ្គលស្មើ មិនមានបុគ្គលប្រៀបផ្ទឹមបាន មានសីលរកទីបំផុតគ្មាន មានយសរាប់ពុំបាន ទ្រង់មានសេចក្តីអាណិតអាសូរ មានព្យាយាមធំ មានចក្ខុ ទ្រង់កើតឡើងក្នុងលោក កំចាត់បង់ងងឹតអន្ធការ ញ៉ាំងលោកនេះ ព្រមទាំងទេវលោក ឲ្យភ្លឺស្វាងហើយ។ ព្រះពុទ្ធអង្គនោះ ទ្រង់មានឫទ្ធិថ្លឹងពុំបាន មានសីលសមាធិថ្លឹងពុំបាន ព្រះអង្គសម្រេចនូវបារមីក្នុងធម៌ទាំងពួង ហើយទ្រង់ញ៉ាំងចក្រ គឺធម៌ឲ្យប្រព្រឹត្តទៅ។ ព្រះពុទ្ធនោះ ទ្រង់បញ្ចេញព្រះសូរសៀងដ៏ជ្រះស្អាតល្អ ក្នុងលោកធាតុមួយហ្មឺន ពួកសត្វទាំងមួយរយកោដិ សឹងបានត្រាស់ដឹង ក្នុងការសម្តែងធម៌លើកទី ១។ ការត្រាស់ដឹងលើកទី ២ មានពួកសត្វ ៩០ កោដិ ការត្រាស់ដឹងលើកទី ៣ មានពួកសត្វ ៦០ កោដិ ពេលនោះ ព្រះសម្ពុទ្ធនោះ ទ្រង់ដោះមនុស្ស និងទេវតា ដែលមកដល់ ឲ្យរួចចាកចំណងគឺមារ។
ID: 637644692212339486
ទៅកាន់ទំព័រ៖