ព្រះត្រៃបិដក ភាគ ៧៧

បុស្ស​ពុទ្ធវង្ស ទី១៨


 [១៩] ក្នុង​មណ្ឌ​កប្ប​នោះ​ឯង មាន​ព្រះ​សាស្តា ព្រះ​នាម​បុស្សៈ ទ្រង់​មិន​មាន​បុគ្គល​ក្រៃលែង​ជាង មិន​មាន​បុគ្គល​ប្រៀបផ្ទឹម​បាន ស្មើដោយ​ព្រះពុទ្ធ ដែល​មិន​មាន​បុគ្គល​ស្មើ ជានា​យក​ប្រសើរ​ក្នុង​លោក។ ព្រះពុទ្ធអង្គ​នោះ ទ្រង់​កំចាត់​បង់​ងងឹត​ទាំងអស់ ហើយ​ត្រដោះ​គ្រឿង​ចាក់ស្រែះ​ធំ (កិលេស) ទ្រង់​ញ៉ាំង​មនុស្ស ព្រមទាំង​ទេវតា ឲ្យ​ឆ្អែត​ស្កប់ស្កល់ ទ្រង់​បង្អុរ​ភ្លៀង​ទឹកអម្រឹត​ចុះ​មក។ កាល​ព្រះពុទ្ធ ព្រះ​នាម​បុស្សៈ ញ៉ាំង​ចក្រ គឺ​ធម៌​ឲ្យ​ប្រព្រឹត្តទៅ ការ​ត្រាស់​ដឹង​លើក​ទី ១ មាន​ពួក​សត្វ ៨០ សែន ក្នុង​មង្គល​នៃ​ថ្ងៃ​នក្ខត្តឫក្ស។ ការ​ត្រាស់​ដឹង​លើក​ទី ២ មាន​ពួក​សត្វ ៩០ សែន ការ​ត្រាស់​ដឹង​លើក​ទី ៣ មាន​ពួក​សត្វ ៨០ សែន។ ព្រះមហេសី ព្រះ​នាម​បុស្សៈ មាន​សាវក​សន្និបាត ៣ លើក ដែល​សុទ្ធតែ​ជា​ពួក​ព្រះ​ខីណាស្រព ឥតមាន​មន្ទិល គឺ​កិលេស មានចិត្ត​ស្ងប់​រម្ងាប់ ប្រកបដោយ​តា​ទិ​គុណ។ សន្និបាត​លើក​ទី ១ មាន​ព្រះ​ខីណាស្រព ៦០ សែន សន្និបាត​លើក​ទី ២ មាន​ព្រះ​ខីណាស្រព​ចំនួន ៥០ សែន។
ថយ | ទំព័រទី ១៧៨ | បន្ទាប់
ID: 637644694153589413
ទៅកាន់ទំព័រ៖