ព្រះត្រៃបិដក ភាគ ៧៧
កក្កុសន្ធពុទ្ធវង្ស ទី២២
[២៣] ក្នុងកាលជាខាងក្រោយ នៃព្រះវេស្សភូសម្ពុទ្ធមក មានព្រះសម្ពុទ្ធព្រះនាមកក្កុសន្ធៈ ទ្រង់ប្រសើរជាងពួកសត្វទ្វេបាទ មានគុណរាប់មិនបាន គេគ្របសង្កត់បានដោយកម្រ ព្រះអង្គរំលើងនូវភពទាំងពួង ដល់នូវបារមីដោយចរិយា ហើយសម្រេចនូវពោធិញ្ញាណដ៏ឧត្តម ដូចសីហៈទម្លាយនូវទ្រុង។ កាលព្រះកក្កុសន្ធៈ ជាលោកនាយក ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ មានពួកបរិស័ទចំនួន ៤ ម៉ឺនកោដិ បានត្រាស់ដឹងក្នុងគ្រាដំបូង។ ព្រះកក្កុសន្ធៈ ទ្រង់ធ្វើនូវវិកុព្វនបដិហារ្យ ជាគូៗ ឰដ៏អាកាស ញ៉ាំងទេវតា និងមនុស្ស ៣ ម៉ឺនកោដិ ឲ្យត្រាស់ដឹង (នេះជាការត្រាស់ដឹងទី ២)។ ក្នុងការប្រកាសនូវចតុស្សច្ចធម៌នៃព្រះពុទ្ធនោះ មានមនុស្ស ទេវតា និងយក្ស ត្រាស់ដឹងនូវធម៌ គេមិនអាចរាប់បាន (នេះជាការត្រាស់ដឹងទី ៣)។ ព្រះមានជោគ ព្រះនាមកក្កុសន្ធៈ មានសាវកសន្និបាតតែមួយដង សុទ្ធតែជាព្រះខីណាស្រព មិនមានមន្ទិល មានចិត្តស្ងប់រម្ងាប់ មានចិត្តនឹងធឹង។
ID: 637644700237183227
ទៅកាន់ទំព័រ៖