ព្រះត្រៃបិដក ភាគ ៧៧
ពុទ្ធប្បកិណ្ណកក័ណ្ឌ
[២៧] ក្នុងកប្បប្រមាណមិនបាន អំពីកប្បនេះ មានព្រះពុទ្ធជានាយក ៤ ព្រះអង្គ គឺព្រះសម្ពុទ្ធ ព្រះនាមតណ្ហង្ករៈ ១ មេធង្ករៈ ១ សរណង្ករៈ ១ ទីបង្ករៈ ១ ព្រះជិនស្រីទាំងនោះ ត្រាស់ក្នុងកប្បជាមួយគ្នា។ ខាងក្រោយអំពីព្រះពុទ្ធទីបង្ករៈមក ព្រះពុទ្ធជានាយកព្រះនាមកោណ្ឌញ្ញៈ បានត្រាស់តែមួយព្រះអង្គ ក្នុងកប្បមួយ ញ៉ាំងប្រជុំជនជាច្រើនឲ្យឆ្លង (ចាកសង្សារ)។ កប្បជាចន្លោះនៃព្រះពុទ្ធ ២ ព្រះអង្គនុ៎ះ គឺព្រះពុទ្ធទីបង្ករមានព្រះភាគ និងព្រះសាស្តាព្រះនាមកោណ្ឌញ្ញៈ ជាកប្បគេមិនអាចរាប់បានឡើយ។ ខាងក្រោយអំពីព្រះពុទ្ធ ព្រះនាមកោណ្ឌញ្ញៈមក មានព្រះពុទ្ធជានាយក ព្រះនាមមង្គលៈ (ទ្រង់ត្រាស់ឡើង) កប្បជាចន្លោះនៃព្រះពុទ្ធទាំង ២ ព្រះអង្គនោះ បុគ្គលមិនអាចរាប់បានឡើយ។ ព្រះពុទ្ធព្រះនាមមង្គលៈ ១ ព្រះសុមនៈ ១ ព្រះរេវតៈ ១ និងព្រះមុនី ព្រះនាមសោភិតៈ ១ ព្រះសម្ពុទ្ធទាំងនោះ មានចក្ខុ ធ្វើនូវពន្លឺ (បានត្រាស់ឡើង) ក្នុងកប្បជាមួយគ្នា។
ID: 637644706189058177
ទៅកាន់ទំព័រ៖