ព្រះត្រៃបិដក ភាគ ៧៧
ក្នុងកាលឥឡូវនេះ មានតថាគតនេះ ជាព្រះសម្ពុទ្ធ ទៅក្នុងអនាគតកាល នឹងមានព្រះសម្ពុទ្ធព្រះនាមមេត្តេយ្យ ព្រះសម្ពុទ្ធទាំង៥ អង្គនេះ ជាអ្នកប្រាជ្ញ អនុគ្រោះស្រង់សត្វលោក។ ព្រះសម្ពុទ្ធអង្គនោះ ព្រមទាំងសាវ័ក លុះប្រាប់ផ្លូវរបស់ព្រះពុទ្ធ ជាធម្មរាជទាំងនុ៎ះ ដល់ពួកសត្វដទៃជាច្រើនកោដិហើយ ក៏បរិនិព្វាន។
ចប់ ពុទ្ធប្បកិណ្ណកក័ណ្ឌ។
ធាតុភាជនីយកថា
[២៨] ព្រះមហាគោតម ជាព្រះជិនស្រីប្រសើរ ទ្រង់និព្វានក្នុងនគរកុសិនារា ព្រះធាតុផ្សាយទៅក្នុងប្រទេសនោះៗ តាមចំណែក គឺព្រះធាតុមួយចំណែក បានទៅព្រះបាទអជាតសត្តុ មួយចំណែកបានទៅក្រុងវេសាលី មួយចំណែកបានទៅក្រុងកបិលពស្តុ មួយចំណែកបានទៅដែនអល្លកប្បកៈ មួយចំណែក បានទៅក្រុងរាមគ្រាម មួយចំណែកបានទៅក្រុងវេដ្ឋទីបកៈ មួយចំណែកបានទៅក្រុងបាវេយ្យកមល្លៈ ឯព្រះធាតុមួយចំណែកទៀត បានទៅអ្នកក្រុងកុសិនារា។
ID: 637644706865464405
ទៅកាន់ទំព័រ៖