ព្រះត្រៃបិដក ភាគ ៧៧
តថាគត កាលឲ្យទានដល់ឥន្ទព្រាហ្មណ៍នោះ ទាំងបានប្រព្រឹត្តនូវអំពើទាំងឡាយនោះ មិនប្រាថ្នានូវយស និងលាភទេ តថាគតប្រាថ្នាចំពោះសព្វញ្ញុតញ្ញាណតែម៉្យាង។
ចប់ អកិត្តិចរិយា ទី១។
សង្ខព្រាហ្មណចរិយា ទី២
[២] មានចរិយាដទៃទៀត កាលដែលតថាគតកើតជាព្រាហ្មណ៍ឈ្មោះសង្ខៈ មានប្រាថ្នាដើម្បីឆ្លងមហាសមុទ្រ សំដៅទៅកាន់កំពង់ (តម្ពលិត្តិ)។ កាលនោះ តថាគតបានឃើញព្រះបច្ចេកពុទ្ធ ដែលត្រាស់ដឹងឯង ទ្រង់ឈ្នះមារ កំពុងនិមន្តទៅកាន់ផ្លូវលំបាក លើផែនដីរដិបរដុបដ៏ក្តៅ ត្រង់ផ្លូវជួបគ្នានោះ។ លុះតថាគតឃើញព្រះបច្ចេកពុទ្ធ ត្រង់ផ្លូវជួបគ្នានោះ ក៏គិតនូវសេចក្តីនេះថា ស្រែបុណ្យនេះ រមែងសម្រេចដល់សត្វអ្នកប្រាថ្នានូវបុណ្យ ប្រៀបដូចបុរសអ្នកភ្ជួរ ឃើញស្រែ ឬសួនច្បារធំ មិនព្រោះពូជ ក្នុងស្រែនោះទេ បុរសនោះ ឈ្មោះថាជាអ្នកមិនត្រូវការដោយស្រូវ យ៉ាងណាមិញ។
ID: 637644709042964449
ទៅកាន់ទំព័រ៖