ព្រះត្រៃបិដក ភាគ ៧៧
តថាគតឲ្យទានចំពោះស្មូម ដើម្បីបំពេញចិត្តស្មូមដែលខ្វះកន្លះ តថាគតជាអ្នកមិនមានអាល័យ មិនមានសេចក្តីប៉ុនប៉ង (ចំពោះផលនៃទាននោះទេ តថាគតឲ្យទាន) ដើម្បីបានត្រាស់ដឹងនូវសម្ពោធិញ្ញាណ យ៉ាងនេះឯង។
ចប់ មហាសុទស្សនចរិយា ទី៤។
មហាគោវិន្ទចរិយា ទី៥
[៥] ចរិយាដទៃទៀត កាលតថាគតកើតជាមហាគោវិន្ទព្រាហ្មណ៍ បានជាបុរោហិតនៃស្តេច ៧ អង្គ ជាបុរោហិតដែលមនុស្ស និងទេវតាបូជាហើយ។ សួយសារអាករណា ដែលកើតដល់តថាគត ក្នុងរាជ្យនៃស្តេចទាំង ៧ អង្គ ក្នុងកាលនោះ តថាគតបានឲ្យនូវមហាទាន ជាទានមិនកម្រើក ដូចជាសាគរ ដោយសួយសារអាករនោះ។ ទ្រព្យ និងស្រូវ មិនមែនជាទីស្អប់ខ្ពើមរបស់តថាគតទេ ទាំងការសន្សំទ្រព្យនៃតថាគត មិនមែនជាមិនមានទេ តែសព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់របស់តថាគត ព្រោះហេតុនោះ បានជាតថាគតឲ្យទ្រព្យដ៏ប្រសើរ។
ចប់ មហាគោវិន្ទចរិយា ទី៥។
ID: 637644710351870717
ទៅកាន់ទំព័រ៖