ព្រះត្រៃបិដក ភាគ ៧៧

សិវិ​រាជ​ចរិយា ទី៨


 [៨] កាល​តថាគត ជា​ក្សត្រ​ឈ្មោះ​សិវិ សោយរាជ្យ​ក្នុង​នគរ​អរិដ្ឋៈ អង្គុយ​ក្នុង​ប្រាសាទ​ដ៏​ប្រសើរ តថាគត​គិត​យ៉ាងនេះ​ថា ទាន​ណាមួយ ជា​របស់​មនុស្ស ទាន​នោះ គឺ​អញ​មិនដែល​ឲ្យហើយ មិន​មាន​ឡើយ បើ​មាន​យាចក​ណាម​កសូម​ភ្នែក​អញ អញ​នឹង​មិន​ញាប់ញ័រ ត្រូវតែ​ឲ្យ (ដល់​យាចក​នោះ)។ សក្កៈ​ជាធំ​ជាង​ពួក​ទេវតា បានដឹង​នូវ​សេចក្តី​ត្រិះរិះ​របស់​តថាគត អង្គុយ​នៅក្នុង​ទេវ​បរិស័ទ ក៏​ពោល​នូវ​ពាក្យ​នេះ​ថា ស្តេច​សិវិ​មាន​ឫទ្ធិ​ច្រើន គង់​ក្នុង​ប្រាសាទ​ដ៏​ប្រសើរ កំពុង​ពិចារណា​នូវ​ទាន​ផ្សេងៗ (ដែល​ខ្លួន​ឲ្យហើយ) ស្តេច​នោះ មិនឃើញ​នូវ​វត្ថុ​ដែល​ខ្លួន​មិនធ្លាប់​ឲ្យសោះ​ឡើយ។ ការណ៍​នុ៎ះ​ពិត ឬមិន​ពិត​អេះ បើដូច្នេះ អញ​នឹង​ល្បង​ស្តេច​នោះ​មើល អ្នក​ទាំងឡាយ ចូរ​រង់ចាំ​មួយរំពេច ទំ​រាំ​យើង​បានដឹង​នូវ​ព្រះរាជហឫទ័យ​នៃ​ស្តេច​នោះ (ព្រះឥន្ទ្រ ក៏​ក្លែងខ្លួន​ជា​ព្រាហ្មណ៍) មាន​សក់ស្កូវ មានខ្លួន​ជ្រួញជ្រីវ ទូរន់​ទូ​រា​ដោយ​ជរា ព្រមទាំង​មាន​សម្បុរ​អាក្រក់ ដើរ​ញញាក់ញញ័រ ចូល​ទៅ​រក​ព្រះរាជា។
ថយ | ទំព័រទី ២៥០ | បន្ទាប់
ID: 637644711305776978
ទៅកាន់ទំព័រ៖