ព្រះត្រៃបិដក ភាគ ៧៧

វេស្សន្តរ​ចរិយា ទី៩


 [៩] ព្រះនាង​ផុស្សតី ខត្តិយ​កញ្ញា ជា​ព្រះ​ជននី​របស់​តថាគត ព្រះនាង​ផុស្សតី​នោះ ជា​ព្រះមហេសី​នៃ​សក្កទេវរាជ ក្នុង​អតីតជាតិ​ទាំងឡាយ។ ព្រះឥន្ទ្រ​ទ្រង់​ជ្រាប​នូវ​ការ​អស់​ទៅ​នៃ​អាយុ​របស់​ព្រះនាង​ហើយ ទ្រង់​ត្រាស់​ពាក្យ​នេះ​ថា ម្នាលនាង​ដ៏​ចម្រើន យើង​នឹង​ឲ្យ​នូវ​ពរ ១០ ប្រការ ដល់​នាង បើ​នាង​ប្រាថ្នា​នូវ​ពរ​ណា ចូរ​ទទួលយក​នូវ​ពរ​នោះ​ចុះ។ ព្រះនាង​ទេវី​នោះ កាលបើ​ព្រះឥន្ទ្រ​ពោល​យ៉ាងនេះ​ហើយ ក៏​ពោល​ពាក្យ​នេះ តបនឹង​ព្រះឥន្ទ្រ​វិញ​ថា ខ្ញុំ​មានទោស​កំហុស​ដូចម្តេច ខ្ញុំ​ជាទី​ស្អប់​របស់​ព្រះអង្គ​យ៉ាងណា​ទៅ បាន​ជា​ព្រះអង្គ​ញ៉ាំង​ខ្ញុំ​ឲ្យ​ឃ្លាតចាក​មរ​ណី​យដ្ឋាន ដូចជា​ខ្យល់បក់​បោក​រំលំ​នូវ​រុក្ខជាតិ ដែល​ដុះ​លើ​ផែនដី​ដូច្នោះ។ សក្កទេវរាជ​នោះ លុះ​ឮព្រះនាង​ផុស្សតី ពោល​យ៉ាងនេះ​ហើយ ក៏​ត្រាស់​ពាក្យ​នេះ តបនឹង​ព្រះនាង​វិញ​ថា អំពើ​ដ៏​លាមក នាង​មិនបាន​ធ្វើ​ទេ នាង​មិនមែន​ជាទី​ស្អប់​នៃ​យើង​ទេ។ អាយុ​របស់​នាង​ត្រឹមតែ​ប៉ុណ្ណេះ កាល​ជាទី​ច្យុត នឹង​មាន (ដល់​នាង) ចូរ​នាង​ទទួលយក​ពរ​ដ៏​ប្រសើរ​ឧត្តម ១០ ប្រការ ដែល​យើង​ឲ្យ​នេះ​ចុះ។
ថយ | ទំព័រទី ២៥៣ | បន្ទាប់
ID: 637644711973433175
ទៅកាន់ទំព័រ៖