ព្រះត្រៃបិដក ភាគ ៧៧

មហិស​រាជ​ចរិយា ទី៥


 [១៥] មាន​ចរិយា​ដទៃទៀត កាល​តថាគត​កើតជា​ក្របីព្រៃ​ត្រាច់​ទៅ​ក្នុង​ព្រៃធំ មាន​កាយ​ចម្រើន មាន​កម្លាំង​ច្រើន មាន​សរីរៈ​ធំធាត់ បើ​គេ​ឃើញ​ហើយ​គួរតែ​ខ្លាច។ ទីនៅ​នៃ​ក្របី​ទាំងឡាយ មាន​ក្នុង​ទីនោះ គឺ​ញកភ្នំ ផ្លូវ​ជិត​ភ្នំ​ដែល​បុគ្គល​ទៅ​បាន​ដោយ​កម្រ គល់ឈើ និង​បឹង សត្វ​នី​មួយៗ កាល​ត្រាច់​ទៅ​ក្នុង​ទី​នោះៗ តែង​បានឃើញ​ទី​ដ៏​ល្អ​ក្នុង​ព្រៃធំ ឯត​ថា​គត​ក៏​ចូល​ទៅកាន់​ទីនោះ ឈរ​ផង ដេក​ផង។ គ្រានោះ មាន​ស្វា​មួយ​ក្នុង​ព្រៃធំ​នោះ ជា​សត្វ​លាមក​ថោកទាប ឡេះឡោះ មកកាន់​ទីនោះ នោម ជុះ​ដាក់​តថាគត​ត្រង់​ក ថ្ងាស និង​ចិញ្ចើម។ ពានរ​នោះ​ប្រទូស្ត​នឹង​តថាគត អស់​មួយថ្ងៃ ពីរ​ថ្ងៃ បី​ថ្ងៃ បួន​ថ្ងៃ តថាគត​ត្រូវ​ពានរ​នោះ បៀត​បៀន​សព្វៗកាល។ ទេវតា​ឃើញ​តថាគត ដែល​ត្រូវ​ស្វា​នោះ​បៀតបៀន​ហើយ ក៏​ពោល​ពាក្យ​នេះ​នឹង​តថាគត​ថា (ម្នាល​ក្របី) អ្នក​ចូរ​ញ៉ាំង​ស្វា​លាមក​អាក្រក់​នេះ ឲ្យ​វិនាស​ដោយ​ស្នែង និង​ក្រចក​ទៅ។
ថយ | ទំព័រទី ២៧៤ | បន្ទាប់
ID: 637644717341714400
ទៅកាន់ទំព័រ៖