ព្រះត្រៃបិដក ភាគ ៧៧

ធម្ម​ទេវបុត្ត​ចរិយា ទី៨


 [១៨] មាន​ចរិយា​ដទៃទៀត កាល​តថាគត​កើតជា​ទេវបុត្ត​មាន​អានុភាព​ធំ ឈ្មោះ​ធម្មៈ មាន​សក្តិ​ធំ មាន​ឫទ្ធិ​ច្រើន ជា​អ្នក​អនុគ្រោះ​ដល់​សត្វលោក​ទាំងពួង។ កាលនោះ តថាគត​ញ៉ាំង​មហាជន​ឲ្យ​តម្កល់​នៅក្នុង​កុសលកម្មបថ ១០ ត្រាច់​ទៅ​ក្នុង​ស្រុក និង​និគម ជាមួយនឹង​មិត្រ ជាមួយនឹង​ជន​ជា​បរិវារ។ មាន​ទេវបុត្ត​មួយ​អង្គ មានធម៌​លាមក កំណាញ់ស្វិត​ស្វាញ សម្តែង​នូវ​ធម៌​លាមក ១០ ប្រការ ទេវបុត្ត​នោះ ត្រាច់​ទៅលើ​ផែនដី​ដ៏​ធំ ក្នុង​ជម្ពូទ្វីប​នេះ ជាមួយនឹង​មិត្ត ជាមួយនឹង​ជន​ជា​បរិវារ។ យើង​ជា​ទេវបុត្ត​ទាំងពីរ​នាក់ គឺ​ទេវបុត្ត​អ្នកពោល​នូវ​ធម៌ និង​ទេវបុត្ត​អ្នកពោល​នូវ​អធម៌ ទៅជា​សត្រូវ​នឹងគ្នា យើង​ទាំងពីរ​នាក់ ត្រូវ​បររថ​ប៉ះ​នឹម​ដោយ​នឹម ក្នុង​ផ្លូវជួប​គ្នា។ ជម្លោះ​ជាហេតុ​ញ៉ាំង​ភ័យ​ឲ្យ​កើត ប្រព្រឹត្តទៅ​ដល់​កល្យាណ​ទេវបុត្ត និង​បាប​ទេវបុត្ត មហាសង្គ្រាម​ក៏​តាំង​ឡើង ដើម្បី​ប្រជែង​ផ្លូវ​គ្នា។ បើ​តថាគត​ខឹង​នឹង​អធម្ម​ទេវបុត្ត មានតែ​តថាគត​ទម្លាយ​តបោ​គុណ គឺ​សីល​ដ៏​ប្រសើរ តថាគត​គប្បី​ធ្វើ​នូវ​អធម្ម​ទេវបុត្ត​នោះ ព្រមទាំង​ជន​ជា​បរិស័ទ ឲ្យ​ទៅជា​ធូលី​ក៏បាន។
ថយ | ទំព័រទី ២៧៩ | បន្ទាប់
ID: 637644718834370738
ទៅកាន់ទំព័រ៖