ព្រះត្រៃបិដក ភាគ ៧៧
ចូរលោកតា ដុតភ្លើងឲ្យឆេះខ្លាំងឡើង ខ្ញុំនឹងលោតពីដើមឈើនេះ ទម្លាក់ទៅ (ក្នុងភ្លើងនោះ) បពិត្រជីតា បើលោកតាដឹងនូវកាលនៃសាច់នោះឆ្អិនល្អហើយ ចូរបរិភោគសាច់នោះចុះ។ ព្រោះហេតុបិតាមានសីល ដូចរៀបរាប់មកនេះ តថាគតមិនរក្សាជីវិតរបស់តថាគតទេ តថាគតញ៉ាំងបោរិសាទ ជាអ្នកធ្វើអំពើបាណាតិបាត ឲ្យវៀរបង់អំពើអាក្រក់សព្វកាល។
ចប់ ជយទិសចរិយា ទី៩។
សង្ខបាលចរិយា ទី១០
[២០] មានចរិយាដទៃទៀត កាលតថាគតកើតជាស្តេចនាគ ឈ្មោះសង្ខបាល មានឫទ្ធិច្រើន មានចង្កូមជាអាវុធ មានពិសដ៏ពន្លឹក មានអណ្តាតពីរ ជាសត្វគ្របសង្កត់ឧរគជាតិ។ តថាគតអធិដ្ឋានអង្គទាំង ៤ ជិតផ្លូវធំ ៤ ជាកន្លែងទៅមកនៃជនផ្សេងៗ ហើយសម្រេចនូវការនៅ ក្នុងទីនោះ។ បុគ្គលណាមានកិច្ចគួរធ្វើដោយអវយវៈនេះ គឺសម្បុរថ្ងៃ ស្បែក សាច់ សរសៃ និងឆ្អឹង បុគ្គលនោះ ចូរនាំយកអវយវៈដែលអញឲ្យហើយចុះ។ កូនព្រានព្រៃទាំងឡាយ ជាមនុស្សរឹងត្អឹង អាក្រក់ ឥតមានសេចក្តីអាណិតអាសូរ មានដំបង ៤ ជ្រុង ក្នុងដៃ បានឃើញតថាគត ហើយដើរចូលមកក្នុងទីនោះ។
ID: 637644719699370719
ទៅកាន់ទំព័រ៖