ព្រះត្រៃបិដក ភាគ ៧៧
មូគផក្ខចរិយា ទី៦
[២៦] មានចរិយាដទៃទៀត កាលដែលតថាគតកើតជារាជឱរសនៃព្រះបាទកាសិករាជ ជនទាំងឡាយ មានមាតាបិតាជាដើម តែងហៅតថាគតថា មូគផក្ខៈផង ថាតេមិយៈផង។ កាលនោះ ពួកស្រីស្នំ (របស់ព្រះបាទកាសិករាជ) ចំនួន ១៦ ០០០ មិនមានកូនប្រុស អស់កាលកន្លងទៅនៃថ្ងៃ និងយប់ជាច្រើន គឺអស់ច្រើនឆ្នាំ កើតបានតែរាជបុត្រមួយ គឺតថាគត។ ដោយបិតារបស់តថាគត បានដោយកម្រនូវតថាគត ជាកូនជាទីស្រឡាញ់ ជាកូនមានជាតិខ្ពស់ ទ្រទ្រង់សេចក្តីរុងរឿង ព្រះរាជាក៏យកនូវព្រះស្វេតឆ័ត្រ បាំងតថាគត ចិញ្ចឹមឲ្យផ្ទំលើសិរិសយនា។ កាលនោះ តថាគតដេកលក់លើវរសយនា ហើយភ្ញាក់ឡើង បានឃើញស្វេតឆ័ត្រ គិតថា អញទៅនរក ព្រោះតែស្វេតឆ័ត្រណា។ សេចក្តីភ័យតក់ស្លុតកើតឡើងដល់តថាគត ជាមួយនឹងការឃើញនូវស្វេតឆ័ត្រនោះ ពេលនោះ តថាគតពិចារណាមើលថា ក្នុងកាលណាហ្ន៎ អញនឹងដោះខ្លួន ឲ្យរួចពីស្វេតឆ័ត្រនេះ។
ID: 637644723020620747
ទៅកាន់ទំព័រ៖