ព្រះត្រៃបិដក ភាគ ៧៧
មាតាបិតា មិនមែនជាទីស្អប់របស់តថាគតទេ ទាំងខ្លួនក៏មិនមែនជាទីស្អប់របស់តថាគតដែរ តែសព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់របស់តថាគត ព្រោះហេតុនោះ បានជាតថាគតតម្កល់នូវអធិដ្ឋាននោះ។ តថាគតអធិដ្ឋាននូវអង្គទាំង ៣ នុ៎ះ ហើយនៅអស់ ១៦ ឆ្នាំ អធិដ្ឋានដទៃ ស្មើដោយអធិដ្ឋាននេះ មិនមានឡើយ នេះជាអធិដ្ឋានបារមីរបស់តថាគត។
ចប់ មូគផក្ខចរិយា ទី៦។
កបិលរាជចរិយា ទី៧
[២៧] កាលដែលតថាគតកើតជាស្តេចស្វា សម្រេចទីលំនៅជិតឆ្នេរនៃស្ទឹងមួយ កាលណោះ តថាគតត្រូវក្រពើបៀតបៀន ហើយមិនបាននូវដំណើរចេញទៅ។ តថាគតឋិតនៅលើខ្នងថ្មណា ដែលតាំងនៅក្នុងស្ទឹង ក៏បានលោតអំពីត្រើយអាយ ទៅកាន់ត្រើយនាយ ហើយទំលើខ្នងថ្មនោះ ដែលមានក្រពើនៅ ជាសត្រូវឃើញគួរខ្លាច។ ក្រពើនោះ និយាយនឹងតថាគតថា អ្នកចូរមកវិញ តថាគតនិយាយតបនឹងក្រពើនោះថា អើខ្ញុំនឹងមកវិញ ហើយតថាគតលោតជាន់លើក្បាលក្រពើនោះ ទៅឋិតនៅលើត្រើយនាយវិញ។
ID: 637644724137964738
ទៅកាន់ទំព័រ៖