ព្រះត្រៃបិដក ភាគ ៧៧
តថាគតពោលនូវពាក្យសត្យ មិនពោលពាក្យមុសាវាទ ដល់ក្រពើនោះ កុសលធម៌ដទៃ ស្មើនឹងសច្ចៈរបស់តថាគត ពុំមានឡើយ នេះជាសច្ចបារមីរបស់តថាគត។
ចប់ កបិលរាជចរិយា ទី៧។
សច្ចសវ្ហយបណ្ឌិតចរិយា ទី៨
[២៨] មានចរិយាដទៃទៀត កាលដែលតថាគតជាតាបសឈ្មោះសច្ចៈ តថាគតបានរក្សាសត្វលោកដោយសច្ចៈ ធ្វើមហាជនឲ្យព្រមព្រៀងគ្នា។
ចប់ សច្ចសវ្ហយបណ្ឌិតចរិយា ទី៨។
វដ្តកបោតកចរិយា ទី៩
[២៩] ចរិយាដទៃទៀត កាលដែលតថាគតកើតជាកូនសត្វក្រួច ក្នុងអរញ្ញប្រទេសមួយ ទៀបដែនមគធៈ ជាសត្វតូចដូចជាដុំសាច់ មិនទាន់ដុះស្លាបនៅក្នុងសម្បុក។ កាលនោះ មាតា (របស់តថាគត) នាំយក (ចំណី) ដោយចំពុះ មកចិញ្ចឹមតថាគត តថាគតរស់នៅដោយសារសម្ផ័ស្សរបស់មាតានោះ តថាគតមិនទាន់មានកម្លាំងកាយនៅឡើយ។
ID: 637644724545154942
ទៅកាន់ទំព័រ៖