ព្រះត្រៃបិដក ភាគ ៧៧
ចូរអ្នកញ៉ាំងពួកក្អែកឲ្យសោយសោក ចូរអ្នកញ៉ាំងពួកត្រីឲ្យរួចចាកសោក។ មេឃក៏បង្អុរភ្លៀងចុះមក ដំណាលនឹងពាក្យសច្ចៈដ៏ប្រសើរ ដែលតថាគតធ្វើហើយ។ តថាគតធ្វើនូវសច្ចៈដ៏ប្រសើរ មានសភាពយ៉ាងនេះ ឲ្យជាព្យាយាមដ៏ឧត្តម ភ្លៀងក៏ធ្លាក់ចុះមក បំពេញនូវទីទួល ទីទាប មួយរំពេច។ តថាគតអាស្រ័យកម្លាំងតេជះនៃសច្ចៈ បានញ៉ាំងមហាមេឃឲ្យបង្អុរភ្លៀង គុណធម៌ដទៃ ស្មើនឹងសច្ចៈនៃតថាគត ពុំមានឡើយ នេះជាសច្ចបារមីរបស់តថាគត។
ចប់ មច្ឆរាជចរិយា ទី១០។
កណ្ហទីបាយនចរិយា ទី១១
[៣១] មានចរិយាដទៃទៀត កាលតថាគតជាឥសី ឈ្មោះកណ្ហទីបាយនៈ អផ្សុកហើយ នៅតែប្រព្រឹត្តព្រហ្មចរិយៈ អស់ ៥០ ឆ្នាំប្លាយ។ អ្នកណាមួយ មិនដឹងនូវសេចក្តីអផ្សុកក្នុងចិត្តរបស់តថាគតនុ៎ះទេ ទាំងតថាគតសោត ក៏មិនប្រាប់នូវសេចក្តីមិនត្រេកអរ និងសេចក្តីត្រេកអរក្នុងចិត្ត ដល់អ្នកណាមួយឡើយ។
ID: 637644725629217506
ទៅកាន់ទំព័រ៖