ព្រះត្រៃបិដក ភាគ ៧៧
ស្តេចទព្វសេន ធ្វើនូវអ្នកនិគម ព្រមទាំងពួកពល និងអ្នកជនបទ ដែលរស់នៅព្រោះអាស្រ័យស្តេចទាំងអស់ ឲ្យតាំងនៅក្នុងដៃ ហើយជីកកប់តថាគតក្នុងរណ្តៅ។ តថាគតបានឃើញនូវមណ្ឌលនៃអាមាត្យ រាជ្យ និងវាំងដ៏ស្តុកស្តម្ភរបស់តថាគត ដូចកូនជាទីស្រឡាញ់ ដែលត្រូវស្តេចទព្វសេនដណ្តើមយកហើយ (ក៏ផ្សាយមេត្តាចំពោះស្តេចទព្វសេននោះ) គុណធម៌ដទៃ ស្មើនឹងមេត្តានៃតថាគត ពុំមានឡើយ នេះជាមេត្តាបារមីរបស់តថាគត។
ចប់ ឯករាជចរិយា ទី១៤។
មហាលោមហំសចរិយា ទី១៥
[៣៥] តថាគតសម្រេចសេយ្យាសន៍ កើយឆ្អឹងសាកសពក្នុងព្រៃស្មសាន ពួកក្មេងអ្នកស្រុកចូលមកជិត (តថាគត) ហើយសម្តែងនូវប្រការដ៏ប្លែកច្រើនយ៉ាង។ ពួកក្មេងដទៃ ជាអ្នកដឹងការណ៍ (ឃើញទារកទាំងឡាយ) ក៏សប្បាយរីករាយ មានចិត្តសង្វេគ ទៅនាំយកគ្រឿងក្រអូប ផ្កាកម្រង ភោជនផ្សេងៗ ដ៏ច្រើន និងគ្រឿងបណ្ណាការ មកឲ្យតថាគត។
ID: 637644727423279902
ទៅកាន់ទំព័រ៖