ព្រះត្រៃបិដក ភាគ ៧៧
ចំណែកឫទ្ធិរបស់ព្រះជិនស្រីនោះ ជាគុណឥតថ្លឹងថ្លែងបាន សមាធិមានញាណអប់រំហើយ របស់ទាំងអស់វិនាសសូន្យទៅ សង្ខារទាំងពួង ជារបស់ទទេពិត។ ព្រះកោណ្ឌញ្ញសម្ពុទ្ធ ព្រះអង្គទ្រទ្រង់សិរី ទ្រង់បរិនិព្វានក្នុងនន្ទារាម ពួកមហាជនបានបញ្ចុះ (ព្រះអដ្ឋិ) របស់ព្រះអង្គនោះ ក្នុងចេតិយ មានកម្ពស់ ៧ យោជន៍ ក្នុងនន្ទារាមនោះឯង។
ចប់ កោណ្ឌញ្ញពុទ្ធវង្ស ទី២។
មង្គលពុទ្ធវង្ស ទី ៣
[៤] កាលខាងក្រោយ អំពីព្រះសម្ពុទ្ធកោណ្ឌញ្ញៈមក ព្រះលោកនាយក ព្រះនាមមង្គលៈ ទ្រង់កម្ចាត់បង់ងងឹតក្នុងលោក ព្រះអង្គទ្រទ្រង់នូវគប់ភ្លើង គឺព្រះធម៌។ ពន្លឺរបស់ព្រះអង្គឥតថ្លឹងបាន ជាពន្លឺលើសលប់ជាងព្រះជិនស្រីដទៃ គ្របសង្កត់ពន្លឺព្រះចន្ទ្រ និងព្រះអាទិត្យ រុងរឿងអស់មួយហ្មឺនលោកធាតុ។ ព្រះសម្ពុទ្ធអង្គនោះ ទ្រង់ប្រកាសសច្ចៈ ៤ ដ៏ប្រសើរ ពួកសត្វនោះៗ បានផឹករសសច្ចៈ ហើយកម្ចាត់ងងឹតធំ គឺមោហៈ។
ID: 637644657834818695
ទៅកាន់ទំព័រ៖