ព្រះត្រៃបិដក ភាគ ៧៧
សុមនពុទ្ធវង្ស ទី៤
[៥] កាលខាងក្រោយ អំពីព្រះមង្គលសម្ពុទ្ធមក ព្រះលោកនាយក ព្រះនាមសុមនៈ រកបុគ្គលស្មើគ្មាន ដោយធម៌ទាំងពួង ព្រះអង្គឧត្តមជាងសព្វសត្វ។ កាលនោះ ព្រះអង្គទ្រង់ទូងស្គរ គឺអមតៈ ប្រកបដោយស័ង្ខ គឺធម៌ជាសាសនារបស់ព្រះជិនស្រី មានអង្គ ៩ ក្នុងមេខលបុរី។ ព្រះសាស្តាអង្គនោះ ទ្រង់ឈ្នះកិលេស ហើយសម្រេចនូវសម្ពោធិញ្ញាណដ៏ប្រសើរ ទ្រង់សាងនគរជាបុរី គឺព្រះសទ្ធម្មដ៏ប្រសើរខ្ពង់ខ្ពស់។ ព្រះអង្គទ្រង់សាងផ្លូវធំ មិនមានចន្លោះ ជាផ្លូវមិនវៀច ជាផ្លូវត្រង់ មានទទឹងដ៏ធំទូលាយ គឺសតិប្បដ្ឋានដ៏ប្រសើរខ្ពងខ្ពស់។ ព្រះអង្គទ្រង់លាតសាមញ្ញផល ៤ បដិសម្ភិទា ៤ អភិញ្ញា ៦ សមាបត្តិ ៨ ក្នុងផ្លូវនោះ។ ពួកសត្វណា មិនមានសេចក្តីប្រមាទ មិនរឹងរូស ប្រកបដោយសេចក្តីខ្មាសបាប និងសេចក្តីព្យាយាម ពួកសត្វនោះៗ តែងកាន់យកគុណដ៏ប្រសើរទាំងនេះ តាមសប្បាយ។
ID: 637644659793724235
ទៅកាន់ទំព័រ៖