ព្រះត្រៃបិដក ភាគ ៧៨

 [២០៧] សទ្ធិន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ជំនឿ សេចក្តី​ជឿ សេចក្តី​ជឿស៊ប់ សេចក្តី​ជ្រះថ្លា​ខ្លាំង គឺ​សទ្ធា សទ្ធិន្ទ្រិយ សទ្ធា​ពលៈ​ណា ក្នុង​សម័យ​នោះ នេះ​សទ្ធិន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ។
 [២០៨] វីរិយិ​ន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ការ​ប្រារព្ធ​ព្យាយាម ប្រព្រឹត្តទៅ​ក្នុងចិត្ត សេចក្តី​ឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្មីឃ្មាត ខ្នះខ្នែង សេចក្តី​សង្វាត ការ​មិន​ធូរ​ថយ ការ​មិន​ដាក់ចុះ​នូវ​សេចក្តី​ប៉ុនប៉ង ការ​មិន​ដាក់ធុរៈ ការ​ផ្គង​នូវ​ធុរៈ គឺ​វីរិយៈ វីរិយិ​ន្ទ្រិយ វីរិយ​ពលៈ សម្មា​វាយាមៈ វីរិយ​សម្ពោ​ជ្ឈង្គៈ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ​ណា ក្នុង​សម័យ​នោះ នេះ​វីរិយិ​ន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ។
 [២០៩] សតិ​ន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សេចក្តី​រលឹក សេចក្តី​រលឹក​រឿយៗ សេចក្តី​រលឹក​ចំពោះ ស្មារតី សេចក្តី​នឹក​បាន ការ​ចាំ​បាន ការ​មិន​ភាន់ច្រឡំ ការ​មិន​ភ្លេចភ្លាំង គឺ​សតិ សតិ​ន្ទ្រិយ សតិ​ពលៈ សម្មាសតិ សតិ​សម្ពោ​ជ្ឈង្គៈ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ​ណា ក្នុង​សម័យ​នោះ នេះ​សតិ​ន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ។
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 637645692423477693
ទៅកាន់ទំព័រ៖