ព្រះត្រៃបិដក ភាគ ៧៨

 [២១០] សមា​ធិន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ការឋិតនៅ កា​រតំ​កល់​នៅនឹង ការតាំងនៅ​ស៊ប់ ការ​មិន​ឃ្លេងឃ្លោង ការ​មិន​រាយមាយ សភាព​នៃ​ចិត្ត​មិន​ឃ្លេងឃ្លោង សេចក្តី​ស្ងប់​រម្ងាប់ គឺ​សមា​ធិន្ទ្រិយ សមាធិ​ពលៈ សម្មាសមាធិ សមា​ធិ​សម្ពោ​ជ្ឈង្គៈ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ​ណា​របស់​ចិត្ត ក្នុង​សម័យ​នោះ នេះ​សមា​ធិន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ។
 [២១១] បញ្ញិ​ន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ បញ្ញា សេចក្តី​ដឹងសព្វ សេចក្តី​ពិចារណា សេចក្តី​ជ្រើសរើស សេចក្តី​ពិចារណា​ធម៌ ការកំណត់ ការ​កត់សំគាល់ សេចក្តី​កត់ត្រា ភាព​នៃ​បណ្ឌិត ភាព​នៃ​អ្នក​ឈ្លាស ភាព​នៃ​បុគ្គល​មាន​សេចក្តី​ជ្រះ​ស្អាត ភាព​នៃ​បុគ្គល​មាន​សេចក្តី​ភ្លឺច្បាស់ សេចក្តី​គិត សេចក្តី​យល់ ធម្មជាតិ​ដូចជា​ផែនដី ធម្មជាតិ កំចាត់​បង់​កិលេស ធម្មជាតិ​ណែនាំ ធម្មជាតិ​ឃើញច្បាស់ សេចក្តី​ដឹង​ល្អ សភាព​ដូចជា​ជន្លួញ គឺ​បញ្ញា បញ្ញិ​ន្ទ្រិយ បញ្ញា​ពលៈ សស្ត្រា​គឺ​បញ្ញា ប្រាសាទ​គឺ​បញ្ញា ពន្លឺ​គឺ​បញ្ញា ឱភាស​គឺ​បញ្ញា គ្រឿង​ឆ្លុះ​គឺ​បញ្ញា រតនៈ​គឺ​បញ្ញា អមោហៈ ធម្ម​វិ​ចយៈ សម្មាទិដ្ឋិ ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គៈ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ​ណា ក្នុង​សម័យ​នោះ នេះ​បញ្ញិ​ន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ។
ថយ | ទំព័រទី ១៥៧ | បន្ទាប់
ID: 637645692684732262
ទៅកាន់ទំព័រ៖