ព្រះត្រៃបិដក ភាគ ៧៨
[២១៥] អនញ្ញតញ្ញស្សាមីតិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា ការដឹងសព្វ ការពិចារណា ការជ្រើសរើស ការពិចារណាធម៌ ការកំណត់ ការកត់សំគាល់ ការកត់ត្រា ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃអ្នកមានសេចក្តីជ្រះស្អាត ភាពនៃអ្នកមានសេចក្តីភ្លឺច្បាស់ សេចក្តីគិត សេចក្តីយល់ ធម្មជាតិដូចជាផែនដី ធម្មជាតិកំចាត់កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់ ការដឹងល្អ សភាពដូចជាជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ សស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា ប្រព្រឹត្តទៅដើម្បីធ្វើឲ្យជាក់ច្បាស់នូវធម៌ទាំងនោះ ដែលសត្វមិនទាន់ស្គាល់ មិនទាន់ឃើញ មិនទាន់ដល់ មិនទាន់ដឹងច្បាស់ មិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ អនញ្ញតញ្ញស្សាមីតិន្ទ្រិយ កើតមានក្នុងសម័យនោះ។
ID: 637645693162071832
ទៅកាន់ទំព័រ៖