ព្រះត្រៃបិដក ភាគ ៧៨
[២១៦] សម្មាទិដ្ឋិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា ការដឹងសព្វ ការពិចារណា ការជ្រើសរើស ការពិចារណាធម៌ ការកំណត់ ការកត់សំគាល់ ការកត់ត្រា ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃអ្នកមានសេចក្តីជ្រះស្អាត ភាពនៃអ្នកមានសេចក្តី ភ្លឺច្បាស់ សេចក្តីគិត សេចក្តីយល់ ធម្មជាតិដូចផែនដី ធម្មជាតិកំចាត់កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់ សេចក្តីដឹងល្អ សភាពដូចជាជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ សស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា ក្នុងសម័យនោះ នេះសម្មាទិដ្ឋិ កើតមានក្នុងសម័យនោះ។
[២១៧] សម្មាសង្កប្បៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីត្រិះរិះ ការរិះគិត តំរិះ ការរំពឹង ការជញ្ជឹង ការលើកឡើងនូវចិត្ត គឺសម្មាសង្កប្បៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះសម្មាសង្កប្បៈ កើតមានក្នុងសម័យនោះ។
ID: 637645693407072022
ទៅកាន់ទំព័រ៖