ព្រះត្រៃបិដក ភាគ ៧៨

 [២១៨] សម្មាវាចា កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ការ​វៀរ ការ​ចៀសវាង ការ​គេច​ចេញ ការ​ងាក​ចេញ ចាក​វចីទុច្ចរិត ទាំង ៤ គឺ​មិន​សាង មិន​ធ្វើ មិន​ប្រព្រឹត្ត​ល្មើស ការ​មិន​ប្រព្រឹត្ត​កន្លង​ដែន ការ​សម្លាប់​ហេតុ គឺ​សម្មាវាចា ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ​ណា ក្នុង​សម័យ​នោះ នេះ​សម្មាវាចា កើតមាន​ក្នុង​សម័យ​នោះ។
 [២១៩] សម្មា​កម្មន្តៈ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ការ​វៀរ ការ​ចៀសវាង ការ​គេច​ចេញ ការ​ងាក​ចេញ ចាក​កាយទុច្ចរិត ទាំង ៣ គឺ​មិន​សាង មិន​ធ្វើ មិន​ប្រព្រឹត្ត​ល្មើស មិន​ប្រព្រឹត្ត​កន្លង​ដែន ការ​សម្លាប់​ហេតុ គឺ​សម្មា​កម្មន្តៈ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ​ណា ក្នុង​សម័យ​នោះ នេះ​សម្មា​កម្មន្តៈ កើតមាន​ក្នុង​សម័យ​នោះ។
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 637645693665196467
ទៅកាន់ទំព័រ៖