ព្រះត្រៃបិដក ភាគ ៧៨

 [២២២] សម្មាសតិ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សេចក្តី​រលឹក សេចក្តី​រលឹក​រឿយៗ ការ​រលឹក​ចំពោះ ស្មារតី ការ​នឹក​បាន ការ​ចាំ​បាន ការ​មិន​ភាន់ច្រឡំ ការ​មិន​ភ្លេចភ្លាំង គឺ​សតិ សតិ​ន្ទ្រិយ សតិ​ពលៈ សម្មាសតិ សតិ​សម្ពោ​ជ្ឈង្គៈ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ​ណា ក្នុង​សម័យ​នោះ នេះ​សម្មាសតិ កើតមាន​ក្នុង​សម័យ​នោះ។
 [២២៣] សម្មាសមាធិ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ការឋិតនៅ កា​រតំ​កល់​នៅនឹង ការ​តាំង​មាំ ការ​មិន​ឃ្លេងឃ្លោង ការ​មិន​រាយមាយ សភាព​នៃ​ចិត្ត​មិន​ឃ្លេងឃ្លោង ការ​ស្ងប់​រម្ងាប់ គឺ​សមា​ធិន្ទ្រិយ សមាធិ​ពលៈ សម្មាសមាធិ សមា​ធិ​សម្ពោ​ជ្ឈង្គៈ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ​ណា​របស់​ចិត្ត ក្នុង​សម័យ​នោះ នេះ​សម្មាសមាធិ កើតមាន​ក្នុង​សម័យ​នោះ។
 [២២៤] សទ្ធា​ពលៈ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ជំនឿ សេចក្តី​ជឿ សេចក្តី​ជឿស៊ប់ ការ​ជ្រះថ្លា​ខ្លាំង គឺ​សទ្ធា សទ្ធិន្ទ្រិយ សទ្ធា​ពលៈ ណា ក្នុង​សម័យ​នោះ នេះ សទ្ធា​ពលៈ កើតមាន​ក្នុង​សម័យ​នោះ។
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 637645694159102721
ទៅកាន់ទំព័រ៖