ព្រះត្រៃបិដក ភាគ ៧៨
ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់ សេចក្តីដឹងល្អ សភាពដូចជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ សស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គ ណា ក្នុងសម័យនោះ នេះវិបស្សនា កើតមានក្នុងសម័យនោះ។
[២៥៥] សេចក្តីផ្គងឡើង កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្មីឃ្មាត ខ្នះខ្នែង សេចក្តីសង្វាតមិនធូរថយ ការមិនដាក់ចុះនូវសេចក្តីប៉ុនប៉ង ការមិនដាក់ធុរៈ ការផ្គងធុរៈ គឺវីរិយៈ វីរិយិន្ទ្រិយ វីរិយពលៈ សម្មាវាយាមៈ វីរិយសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា ក្នុងសម័យនោះ នេះសេចក្តីផ្គងឡើង កើតមានក្នុងសម័យនោះ។
ID: 637645697427384043
ទៅកាន់ទំព័រ៖