ព្រះត្រៃបិដក ភាគ ៧៨
[១៨] វេទនាកើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសារប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត ដែលកើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់សេចក្តីឆ្ងាញ់ពិសា និងសេចក្តីសុខនោះ ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះ វេទនាកើតមានក្នុងសម័យនោះ។
[១៩] សញ្ញាកើតមានក្នុងសម័យនោះ តើដូចម្តេច។ សញ្ញា សេចក្តីសំគាល់ ភាពនៃសេចក្តីសំគាល់ណា ដែលកើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់កុសលសញ្ញានោះ ក្នុងសម័យនោះ នេះ សញ្ញាកើតមានក្នុងសម័យនោះ។
[២០] ចេតនាកើតមានក្នុងសម័យនោះ តើដូចម្តេច។ ចេតនា សេចក្តីរិះគិត ភាពនៃការត្រិះរិះណា ដែលកើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់កុសលចេតនានោះ ក្នុងសម័យនោះ នេះ ចេតនាកើតមានក្នុងសម័យនោះ។
ID: 637645647642048006
ទៅកាន់ទំព័រ៖