ព្រះត្រៃបិដក ភាគ ៧៨
[២៦៧] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ជាអប្បណិហិតៈ (និព្វានគ្មានកិលេសជាគ្រឿងតំកល់ខ្ជាប់) ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។បេ។ បានដល់ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បានដល់បញ្ចមជ្ឈាន ជាអប្បណិហិតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។
ចប់ ឈានជាអប្បណិហិតៈ។
ID: 637645699883946489
ទៅកាន់ទំព័រ៖