ព្រះត្រៃបិដក ភាគ ៧៨
[២៧៤] អញ្ញិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា សេចក្តីដឹងសព្វ សេចក្តីពិចារណា សេចក្តីជ្រើសរើស សេចក្តីពិចារណាធម៌ ការកំណត់ ការកត់សំគាល់ សេចក្តីកត់ត្រា ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃបុគ្គលមានសេចក្តីជ្រះស្អាត ភាពនៃបុគ្គលមានសេចក្តីភ្លឺច្បាស់ សេចក្តីគិត សេចក្តីយល់ ធម្មជាតិដូចជាផែនដី ធម្មជាតិកំចាត់កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់ សេចក្តីដឹងល្អ សភាពដូចជាជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ គ្រឿងសស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនោះ ដែលបុគ្គលដឹង ឃើញ ដល់ ដឹងច្បាស់ ធ្វើឲ្យជាក់ច្បាស់ហើយណា នេះអញ្ញិន្ទ្រិយ កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ កើតមានក្នុងសម័យនោះ។បេ។ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងដោយអាស្រ័យហេតុ កើតមានក្នុងសម័យនោះ។ នេះពួកធម៌ជាកុសល។
ចប់ មគ្គ ទី ៤។
ចប់ លោកុត្តរចិត្ត។
ID: 637645702336758929
ទៅកាន់ទំព័រ៖