ព្រះត្រៃបិដក ភាគ ៧៨
[២៤] បីតិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្អែតចិត្ត សេចក្តីរីករាយ សេចក្តីសប្បាយ សេចក្តីស្រួល សេចក្តីស្រស់ស្រាយ ការញញឹមញញែម ការបាននូវអំណរ ការអណ្តែតអណ្តូង សេចក្តីត្រេកអររបស់ចិត្តណា ក្នុងសម័យនោះ នេះ បីតិកើតមានក្នុងសម័យនោះ។
[២៥] សុខ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសាប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីផស្សៈរបស់ចិត្ត វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីផស្សៈរបស់ចិត្តណា ក្នុងសម័យនោះ នេះ សុខកើតមានក្នុងសម័យនោះ។
[២៦] ឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅរបស់ចិត្ត ការតំកល់នៅនឹង ការតាំងមាំ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ សភាពចិត្តមិនឃ្លេងឃ្លោង ការស្ងប់រម្ងាប់ គឺសមាធិន្ទ្រិយ សមាធិពលៈ សម្មាសមាធិណា ក្នុងសម័យនោះ នេះ ឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ។
ID: 637645648224235344
ទៅកាន់ទំព័រ៖