ព្រះត្រៃបិដក ភាគ ៧៨
[២៨៥] ឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់នៅនឹង ការតាំងមាំ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ ភាពនៃចិត្តមិនឃ្លេងឃ្លោង ការស្ងប់រម្ងាប់ គឺសមាធិន្ទ្រិយ សមាធិពលៈ មិច្ឆាសមាធិណារបស់ចិត្ត ក្នុងសម័យនោះ នេះឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ។
[២៨៦] វីរិយិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្នះខ្នែង ខ្មីឃ្មាត សេចក្តីសង្វាតមិនធូរថយ ការមិនដាក់ចុះនូវសេចក្តីប៉ុនប៉ង ការមិនដាក់ធុរៈ ការផ្គងនូវធុរៈ គឺវីរិយៈ វីរិយិន្ទ្រិយ វីរិយពលៈ មិច្ឆាវាយាមៈណា ក្នុងសម័យនោះ នេះវីរិយិន្ទ្រិយ កើតមានក្នុងសម័យនោះ។
ID: 637645703682696487
ទៅកាន់ទំព័រ៖