ព្រះត្រៃបិដក ភាគ ៧៨

 [៣០២] មិច្ឆាទិដ្ឋិ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សេចក្តី​យល់ សេចក្តី​ឃើញ សាំញ៉ាំ​គឺ​ទិដ្ឋិ កន្តា​រៈ​គឺ​ទិដ្ឋិ ចំរូង​គឺ​ទិដ្ឋិ សេចក្តី​ស្ទុះស្ទា​គឺ​ទិដ្ឋិ ធម្មជាតិ​ជា​គ្រឿង​ប្រកប​គឺ​ទិដ្ឋិ ការ​ចាប់​ប្រកាន់ ការ​ប្រកាន់​មាំ ការ​តាំង​មាំ ការ​ស្ទាបអង្អែល ផ្លូវ​អាក្រក់ គន្លង​ខុស សេចក្តី​ខុស ធម្មជាតិ​ជា​កំណើត​នៃ​សេចក្តី​វិនាស គឺ​លទ្ធិ​ដូចជា​កំពង់​សម្រាប់​ឆ្លង ការ​ប្រកាន់​ព្រោះ​ស្វែងរក​ខុស ណា ក្នុង​សម័យ​នោះ នេះ​មិច្ឆាទិដ្ឋិ កើតមាន​ក្នុង​សម័យ​នោះ។
 [៣០៣] អហិរិកៈ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ត្រង់​ដែល​បុគ្គល​មិន​ខ្មាស ដោយ​អំពើទុច្ចរិត​ដែល​គួរ​ខ្មាស មិន​ខ្មាស​ដោយ​ការ​ជួបប្រទះ​នូវ​ពួក​អកុសលធម៌​ដ៏​លាមក ក្នុង​សម័យ​នោះ នេះ​អហិរិកៈ កើតមាន​ក្នុង​សម័យ​នោះ។
 [៣០៤] អនោត្តប្បៈ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ត្រង់​ដែល​បុគ្គល​មិន​តក់ស្លុត ដោយ​អំពើទុច្ចរិត​ដែល​គួរ​តក់ស្លុត មិន​តក់ស្លុត​ដោយ​ការ​ជួបប្រទះ​នូវ​ពួក អកុសលធម៌​ដ៏​លាមក ក្នុង​សម័យ​នោះ នេះ​អនោត្តប្បៈ កើតមាន ក្នុង​សម័យ​នោះ។
ថយ | ទំព័រទី ២០៧ | បន្ទាប់
ID: 637645721003196362
ទៅកាន់ទំព័រ៖