ព្រះត្រៃបិដក ភាគ ៧៨
[២៧] សទ្ធិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ជំនឿ សេចក្តីជឿ សេចក្តីជឿស៊ប់ សេចក្តីជ្រះថ្លាខ្លាំង គឺសទ្ធា សទ្ធិន្ទ្រិយ សទ្ធាពលៈណា ក្នុងសម័យនោះ នេះ សទ្ធិន្ទ្រិយកើតមានក្នុងសម័យនោះ។
[២៨] វិរិយិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការប្រារព្ធព្យាយាមប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្មីឃ្មាត ខ្នះខ្នែង សេចក្តីសង្វាត ការមិនធូរថយ ការមិនដាក់ចុះនូវសេចក្តីប៉ុនប៉ង ការមិនដាក់ធុរៈ ការផ្គងធុរៈ គឺវីរិយៈ វីរិយិន្ទ្រិយ វីរិយពលៈ សម្មាវាយាមៈណា ក្នុងសម័យនោះ នេះ វីរិយិន្ទ្រិយ កើតមានក្នុងសម័យនោះ។
[២៩] សតិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីរលឹក សេចក្តីរលឹករឿយៗ សេចក្តីរលឹកចំពោះ ស្មារតី ការនឹកបាន ការចាំបាន ការមិនភាន់ច្រឡំ ការមិនភ្លេចភ្លាំង គឺសតិ សតិន្ទ្រិយ សតិពលៈ សម្មាសតិណា ក្នុងសម័យនោះ នេះ សតិន្ទ្រិយ កើតមានក្នុងសម័យនោះ។
ID: 637645648572047308
ទៅកាន់ទំព័រ៖