ព្រះត្រៃបិដក ភាគ ៧៨
[៣២៦] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះផស្សៈ កើតមាន ក្នុងសម័យនោះ។ វេទនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីទុក្ខប្រព្រឹត្តទៅក្នុងចិត្ត ដែលកើតពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះ ការទទួលអារម្មណ៍មិនឆ្ងាញ់ពិសាជាទុក្ខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាមិនឆ្ងាញ់ពិសាជាទុក្ខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះវេទនា កើតមានក្នុងសម័យនោះ។បេ។ ទុក្ខ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីទុក្ខប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនឆ្ងាញ់ពិសាជាទុក្ខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាមិនឆ្ងាញ់ពិសាជាទុក្ខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះទុក្ខ កើតមានក្នុងសម័យនោះ។បេ។ ទោមនស្សិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសាប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីទុក្ខប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ មិនឆ្ងាញ់ពិសាជាទុក្ខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាមិនឆ្ងាញ់ពិសាជាទុក្ខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះទោមនស្សិន្ទ្រិយ កើតមានក្នុងសម័យនោះ។បេ។
ID: 637645724632571417
ទៅកាន់ទំព័រ៖