ព្រះត្រៃបិដក ភាគ ៧៨
[៣៣១] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះផស្សៈ កើតមានក្នុងសម័យនោះ។បេ។ ឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅណា របស់ចិត្ត ក្នុងសម័យនោះ នេះឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ។បេ។ វិចិកិច្ឆា កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឆ្ងល់ អាការឆ្ងល់ ភាពឆ្ងល់ សេចក្តីយល់ស្ទាក់ស្ទើរ សេចក្តីងឿងឆ្ងល់ ចិត្តបែកជាពីរ ចិត្តញែកជា ២ ផ្លូវ សេចក្តីសង្ស័យ ការប្រកាន់ដោយចំណែកច្រើន ការដកថយមិនរួច ការទំលុះទំលាយទៅមិនបាន ការប្រកាន់មិនមាំ សេចក្តីរឹងត្អឹងរបស់ចិត្ត ការរសេមរសាមចិត្តណា ក្នុងសម័យនោះ នេះវិចិកិច្ឆា កើតមានក្នុងសម័យនោះ។បេ។ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអកុសល។
ID: 637645725736321522
ទៅកាន់ទំព័រ៖