ព្រះត្រៃបិដក ភាគ ៧៨
[៣៤៣] ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ ចក្ខុវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះចិត្ត កើតមានក្នុងសម័យនោះ។
[៣៤៤] ឧបេក្ខា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា មិនមែនជាមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ មិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាមិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះឧបេក្ខា កើតមានក្នុងសម័យនោះ។
[៣៤៥] ឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅណា របស់ចិត្ត ក្នុងសម័យនោះ នេះឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ។
[៣៤៦] មនិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត ការដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ ចក្ខុវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះមនិន្ទ្រិយ កើតមានក្នុងសម័យនោះ។
ID: 637645727489290207
ទៅកាន់ទំព័រ៖