ព្រះត្រៃបិដក ភាគ ៧៨
[៣៦៦] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ មនោធាតុជាវិបាក ច្រឡំដោយឧបេក្ខា មានរូបជាអារម្មណ៍ក្តី។បេ។ មានផោដ្ឋព្វៈជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ កើតឡើងហើយ ព្រោះហេតុបានធ្វើ បានសន្សំ នូវកម្មជាកាមាវចរកុសល ក្នុងសម័យណា ផស្សៈក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ ឧបេក្ខា ឯកគ្គតារបស់ចិត្ត មនិន្ទ្រិយ ឧបេក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ ក៏កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។
[៣៦៧] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះផស្សៈ កើតមានក្នុងសម័យនោះ។
ID: 637645729651008834
ទៅកាន់ទំព័រ៖