ព្រះត្រៃបិដក ភាគ ៧៨
[៣៧] សម្មាវាយាមៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្មីឃ្មាត ខ្នះខ្នែង សេចក្តីសង្វាតមិនធូរថយ ការមិនដាក់ចុះនូវសេចក្តីប៉ុនប៉ង ការមិនដាក់ចុះនូវធុរៈ ការផ្គងធុរៈ គឺវីរិយៈ វីរិយិន្ទ្រិយ វីរិយពលៈ សម្មាវាយាមៈណា ក្នុងសម័យនោះ នេះ សម្មាវាយាមៈ កើតមានក្នុងសម័យនោះ។
[៣៨] សម្មាសតិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីរលឹក សេចក្តីរលឹករឿយៗ សេចក្តីរលឹកចំពោះ ស្មារតី ការនឹកបាន ការចាំបាន ការមិនភាន់ច្រឡំ ការមិនភ្លេចភ្លាំង គឺសតិ សតិន្ទ្រិយ សតិពលៈ សម្មាសតិណា ក្នុងសម័យនោះ នេះ សម្មាសតិ កើតមានក្នុងសម័យនោះ។
[៣៩] សម្មាសមាធិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់នៅនឹង ការតាំងមាំ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ របស់ចិត្ត សភាពនៃចិត្តមិនឃ្លេងឃ្លោង ការស្ងប់រម្ងាប់ចិត្ត គឺសមាធិន្ទ្រិយ សមាធិពលៈ សម្មាសមាធិណា ក្នុងសម័យនោះ នេះ សម្មាសមាធិ កើតមានក្នុងសម័យនោះ។
ID: 637645649736281417
ទៅកាន់ទំព័រ៖