ព្រះត្រៃបិដក ភាគ ៧៨
[៤០៤] ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះចិត្តកើតមានក្នុងសម័យនោះ។
[៤០៥] វិតក្កៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីត្រិះរិះ ការរិះគិត តំរិះ ការរំពឹង ការជញ្ជឹង ការលើកឡើងនូវចិត្តណា ក្នុងសម័យនោះ នេះវិតក្កៈ កើតមានក្នុងសម័យនោះ។
[៤០៦] វិចារៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការត្រួតត្រា ការពិចារណា ការពិនិត្យមើល ការសង្កេតមើល ការផ្គងនូវចិត្ត ការសំឡឹងមើលណា ក្នុងសម័យនោះ នេះវិចារៈ កើតមានក្នុងសម័យនោះ។
ID: 637645733506633827
ទៅកាន់ទំព័រ៖