ព្រះត្រៃបិដក ភាគ ៧៨
[៤២៤] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ កុសលធម៌ទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើននូវកុសលជ្ឈានជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់នូវបឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អញ្ញិន្ទ្រិយ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។
ID: 637645736488508999
ទៅកាន់ទំព័រ៖