ព្រះត្រៃបិដក ភាគ ៧៨
[៤៨] អទោសៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនខឹង ការមិនប្រទូស្ត សេចក្តីមិនប្រទូស្ត ការមិនព្យាបាទ សេចក្តីមិនព្យាបាទ គឺអទោសៈ ជាកុសលមូលណា ក្នុងសម័យនោះ នេះ អទោសៈ កើតមានក្នុងសម័យនោះ។
[៤៩] អមោហៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា សេចក្តីដឹងសព្វ សេចក្តីពិចារណា សេចក្តីជ្រើសរើស សេចក្តីពិចារណាធម៌ ការកំណត់ ការសំគាល់ សេចក្តីកត់ត្រា ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃបុគ្គលមានសេចក្តីជ្រះស្អាត ភាពនៃបុគ្គលមានសេចក្តីភ្លឺច្បាស់ សេចក្តីគិត សេចក្តីយល់ ធម្មជាតិដូចផែនដី ធម្មជាតិកំចាត់កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់ សេចក្តីដឹងល្អ សភាពដូចជាជន្លួញគឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ គ្រឿងសស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ គឺអមោហៈ ជាកុសលមូល ណា ក្នុងសម័យនោះ នេះ អមោហៈ កើតមានក្នុងសម័យនោះ។
ID: 637645650767984795
ទៅកាន់ទំព័រ៖