ព្រះត្រៃបិដក ភាគ ៧៨
[៦៤] សេចក្តីស្ទាត់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការស្ទាត់ សេចក្តីស្ទាត់ សភាពស្ទាត់ណា នៃវិញ្ញាណក្ខន្ធ ក្នុងសម័យនោះ នេះ សេចក្តីស្ទាត់ចិត្ត កើតមានក្នុងសម័យនោះ។
[៦៥] សេចក្តីត្រង់កាយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការត្រង់ សេចក្តីត្រង់ ការមិនវៀច មិនកោង មិនរំពត់ណា នៃវេទនាខន្ធ នៃសញ្ញាខន្ធ នៃសង្ខារក្ខន្ធ ក្នុងសម័យនោះ នេះ សេចក្តីត្រង់កាយ កើតមានក្នុងសម័យនោះ។
[៦៦] សេចក្តីត្រង់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការត្រង់ សេចក្តីត្រង់ ការមិនវៀច មិនកោង មិនរំពត់ណា នៃវិញ្ញាណក្ខន្ធ ក្នុងសម័យនោះ នេះ សេចក្តីត្រង់ចិត្ត កើតមានក្នុងសម័យនោះ។
[៦៧] សតិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីរលឹក សេចក្តីរលឹករឿយៗ សេចក្តីរលឹកចំពោះ ស្មារតី ការនឹកឃើញ ការចាំបាន ការមិនភាន់ច្រឡំ ការមិនភ្លេចភ្លាំង គឺសតិ សតិន្ទ្រិយ សតិពលៈ សម្មាសតិ ណា ក្នុងសម័យនោះ នេះ សតិ កើតមានក្នុងសម័យនោះ។
ID: 637645652385954242
ទៅកាន់ទំព័រ៖