ព្រះត្រៃបិដក ភាគ ៧៨
[៦៨] សម្បជញ្ញៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា ការដឹងសព្វ ការពិចារណា ការជ្រើសរើស ការពិចារណាធម៌ ការកំណត់ ការកត់សំគាល់ សេចក្តីកត់ត្រា ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃអ្នកមានសេចក្តីជ្រះស្អាត ភាពនៃអ្នកមានសេចក្តីភ្លឺច្បាស់ សេចក្តីគិត ការយល់ ធម្មជាតិដូចផែនដី ធម្មជាតិកំចាត់កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់ សេចក្តីដឹងល្អ សភាពដូចជាជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ សស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិណា ក្នុងសម័យនោះ នេះសម្បជញ្ញៈ កើតមានក្នុងសម័យនោះ។
[៦៩] សមថៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់នៅនឹង ការតាំងនៅស៊ប់ ការមិនឃ្លេងឃ្លោង ការមិនរាយមាយរបស់ចិត្ត សភាពនៃចិត្តមិនឃ្លេងឃ្លោង សេចក្តីស្ងប់រម្ងាប់ចិត្ត គឺសមាធិន្ទ្រិយ សមាធិពលៈ សម្មាសមាធិណា ក្នុងសម័យនោះ នេះ សមថៈ កើតមានក្នុងសម័យនោះ។
ID: 637645652622203895
ទៅកាន់ទំព័រ៖