ព្រះត្រៃបិដក ភាគ ៧៨

 [៧០] វិបស្សនា កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ បញ្ញា ការ​ដឹងសព្វ ការពិចារណា ការ​ជ្រើសរើស ការពិចារណា​ធម៌ ការកំណត់ ការ​កត់សំគាល់ សេចក្តី​កត់ត្រា ភាព​នៃ​បណ្ឌិត ភាព​នៃ​អ្នក​ឈ្លាស ភាព​នៃ​អ្នកមាន​សេចក្តី​ជ្រះ​ស្អាត ភាព​នៃ​អ្នកមាន​សេចក្តី​ភ្លឺច្បាស់ សេចក្តី​គិត សេចក្តី​យល់ ធម្មជាតិ​ដូច​ផែនដី ធម្មជាតិ​កំចាត់​កិលេស ធម្មជាតិ​ណែនាំ ធម្មជាតិ​ឃើញច្បាស់ សេចក្តី​ដឹង​ល្អ សភាព​ដូចជា​ជន្លួញ គឺ​បញ្ញា បញ្ញិ​ន្ទ្រិយ បញ្ញា​ពលៈ សស្ត្រា​គឺ​បញ្ញា ប្រាសាទ​គឺ​បញ្ញា ពន្លឺ​គឺ​បញ្ញា ឱភាស​គឺ​បញ្ញា គ្រឿង​ឆ្លុះ​គឺ​បញ្ញា រតនៈ​គឺ​បញ្ញា អមោហៈ ធម្ម​វិ​ចយៈ សម្មាទិដ្ឋិ​ណា ក្នុង​សម័យ​នោះ នេះ​វិបស្សនា កើតមាន​ក្នុង​សម័យ​នោះ។
 [៧១] សេចក្តី​ផ្គង​ឡើង កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ការ​ប្រារព្ធ​ព្យាយាម ប្រព្រឹត្តទៅ​ក្នុងចិត្ត សេចក្តី​ឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ឃ្មាតខ្មី ខ្នះខ្នែង សេចក្តី​សង្វាត មិន​ធូរ​ថយ ការ​មិន​ដាក់ចុះ​នូវ​សេចក្តី​ប៉ុនប៉ង ការ​មិន​ដាក់ធុរៈ ការ​ផ្គង​ធុរៈ គឺ​វីរិយៈ វីរិយិ​ន្ទ្រិយ វីរិយ​ពលៈ សម្មា​វាយាមៈ​ណា ក្នុង​សម័យ​នោះ នេះ សេចក្តី​ផ្គង​ឡើង កើតមាន​ក្នុង​សម័យ​នោះ។
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 637645652894703582
ទៅកាន់ទំព័រ៖