ព្រះត្រៃបិដក ភាគ ៧៨
[៨០] ឈាន ប្រកបដោយអង្គ ៥ កើតមានក្នុងសម័យនោះ តើដូចម្តេច។ វិតក្កៈ ១ វិចារៈ ១ បីតិ ១ សុខ ១ ឯកគ្គតារបស់ចិត្ត ១។ វិតក្កៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីត្រិះរិះ ការរិះគិត តំរិះ ការរំពឹង ការជញ្ជឹង ការលើកឡើងនូវចិត្ត គឺសម្មាសង្កប្បៈ ណា ក្នុងសម័យនោះ នេះវិតក្កៈ កើតមានក្នុងសម័យនោះ។ វិចារៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការត្រួតត្រា ការពិចារណា ការពិនិត្យមើល ការសង្កេតមើល ការផ្គងនូវចិត្ត ការសំឡឹងមើលណា ក្នុងសម័យនោះ នេះវិចារៈ កើតមានក្នុងសម័យនោះ។ បីតិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្អែតចិត្ត សេចក្តីរីករាយ សេចក្តីសប្បាយ សេចក្តីស្រួល សេចក្តីស្រស់ស្រាយ ការញញឹមញញែម ការបាននូវអំណរ ការអណ្តែតអណ្តូង សេចក្តីត្រេកអររបស់ចិត្តណា ក្នុងសម័យនោះ នេះបីតិ កើតមានក្នុងសម័យនោះ។ សុខ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សរបស់ចិត្ត វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះសុខ កើតមានក្នុងសម័យនោះ។
ID: 637645655339079159
ទៅកាន់ទំព័រ៖