ព្រះត្រៃបិដក ភាគ ៧៨

សមាធិ​ពលៈ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ការឋិតនៅ កា​រតំ​កល់​នៅនឹង ការតាំងនៅ​ស៊ប់ ការ​មិន​ឃ្លេងឃ្លោង ការ​មិន​រាយមាយ របស់​ចិត្ត សភាព​នៃ​ចិត្ត​មិន​ឃ្លេងឃ្លោង ការ​ស្ងប់​រម្ងាប់ចិត្ត គឺ​សមាធិន្រ្ទិយ សមាធិ​ពលៈ សម្មាសមាធិ ណា ក្នុង​សម័យ​នោះ នេះ​សមាធិ​ពលៈ កើតមាន​ក្នុង​សម័យ​នោះ។ បញ្ញា​ពលៈ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ បញ្ញា សេចក្តី​ដឹងសព្វ សេចក្តី​ពិចារណា សេចក្តី​ជ្រើសរើស សេចក្តី​ពិចារណា​ធម៌ សេចក្តី​កំណត់ សេចក្តី​កត់សំគាល់ សេចក្តី​កត់ត្រា ភាព​នៃ​បណ្ឌិត ភាព​នៃ​អ្នក​ឈ្លាស ភាព​នៃ​បុគ្គល​មាន​សេចក្តី​ជ្រះ​ស្អាត ភាព​នៃ​បុគ្គល​មាន​សេចក្តី​ភ្លឺច្បាស់ សេចក្តី​គិត សេចក្តី​យល់ ធម្មជាតិ​ដូច​ផែនដី ធម្មជាតិ​កំចាត់​កិលេស ធម្មជាតិ​ណែនាំ ធម្មជាតិ​ឃើញច្បាស់ សេចក្តី​ដឹង​ល្អ សភាព​ដូចជា​ជន្លួញ គឺ​បញ្ញា បញ្ញិ​ន្ទ្រិយ បញ្ញា​ពលៈ សស្ត្រា​គឺ​បញ្ញា ប្រាសាទ​គឺ​បញ្ញា ពន្លឺ​គឺ​បញ្ញា ឱភាស​គឺ​បញ្ញា គ្រឿង​ឆ្លុះ​គឺ​បញ្ញា រតនៈ​គឺ​បញ្ញា អមោហៈ ធម្ម​វិ​ចយៈ សម្មាទិដ្ឋិ ណា ក្នុង​សម័យ​នោះ នេះ​បញ្ញា​ពលៈ កើតមាន ក្នុង​សម័យ​នោះ។ ហិរិ​ពលៈ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។
ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 637645656467984967
ទៅកាន់ទំព័រ៖