ព្រះត្រៃបិដក ភាគ ៧៨
[១៤៣] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បាននឿយណាយចាកបីតិរួចហើយ ជាបុគ្គលប្រកបដោយឧបេក្ខា មានសតិសម្បជញ្ញៈផង សោយសុខដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរបុគ្គលអ្នកចូលតតិយជ្ឈាននោះថា បុគ្គលអ្នកចូលតតិយជ្ឈាន ប្រកបដោយឧបេក្ខា មានសតិ មានធម៌ជាគ្រឿងនៅជាសុខដូច្នេះ ដោយតតិយជ្ឈានណា ក៏បានដល់នូវតតិយជ្ឈាននោះ ឈ្មោះបឋវីកសិណ កើតមានក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត សុខ ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ មនិន្ទ្រិយ សោមនស្សិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាវាយាមៈ។បេ។ សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមាន ក្នុងសម័យនោះ នេះពួកធម៌ជាកុសល។បេ។
ID: 637645664451446480
ទៅកាន់ទំព័រ៖