ព្រះត្រៃបិដក ភាគ ៧៩
[១៦៤] ពួកធម៌ប្រកបដោយសុខវេទនា តើដូចម្តេច។ វៀរតែសុខវេទនាក្នុងសុខភូមិ ជាកាមវចរ រូបាវចរ និងអបរិយាបន្នៈចេញ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ដែលប្រកបដោយសុខវេទនានោះ នេះពួកធម៌ប្រកបដោយសុខវេទនា។ ពួកធម៌ប្រកបដោយទុក្ខវេទនា តើដូចម្តេច។ វៀរតែទុក្ខវេទនាក្នុងទុក្ខភូមិ ជាកាមាវចរចេញ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ដែលប្រកបដោយទុក្ខវេទនានោះ នេះពួកធម៌ប្រកបដោយទុក្ខវេទនា។ ពួកធម៌ប្រកបដោយវេទនា មិនជាទុក្ខ មិនជាសុខ តើដូចម្តេច។ វៀរតែអទុក្ខមសុខវេទនា ក្នុងអទុក្ខមសុខភូមិ ជាកាមាវចរ រូបាវចរ អរូបាវចរ និងអបរិយាបន្នៈចេញ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ដែលប្រកបដោយអទុក្ខមសុខវេទនានោះ នេះពួកធម៌ប្រកបដោយវេទនា មិនជាទុក្ខមិនជាសុខ។
[១៦៥] ពួកធម៌ជាវិបាក តើដូចម្តេច។ វិបាក ជាកាមាវចរ រូបាវចរ អរូបាវចរ និងអបរិយាបន្នៈ នៃពួកធម៌ជាកុសល និងអកុសល និងវេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ នេះពួកធម៌ជាវិបាក។
ID: 637646507268479426
ទៅកាន់ទំព័រ៖