ព្រះត្រៃបិដក ភាគ ៧៩

ឃើញ​វេទនា​ថា​មាន​ក្នុង​ខ្លួន​ខ្លះ ឃើញ​ខ្លួន​ថា​មាន​ក្នុង​វេទនា​ខ្លះ យល់ឃើញ​សញ្ញា​ថា​ជា​ខ្លួន ឃើញ​ខ្លួន​ថា​មាន​សញ្ញា​ខ្លះ ឃើញ​សញ្ញា​ថា​មាន​ក្នុង​ខ្លួន​ខ្លះ ឃើញ​ខ្លួន​ថា​មាន​ក្នុង​សញ្ញា​ខ្លះ យល់ឃើញ​សង្ខារ​ថា​ជា​ខ្លួន ឃើញ​ខ្លួន​ថា​មាន​សង្ខារ​ខ្លះ ឃើញ​សង្ខារ​ថា​មាន​ក្នុង​ខ្លួន​ខ្លះ ឃើញ​ខ្លួន​ថា​មាន​ក្នុង​សង្ខារ​ខ្លះ យល់ឃើញ​វិញ្ញាណ​ថា​ជា​ខ្លួន ឃើញ​ខ្លួន​ថា​មានវិញ្ញាណ​ខ្លះ ឃើញ​វិញ្ញាណ​ថា​មាន​ក្នុង​ខ្លួន​ខ្លះ ឃើញ​ខ្លួន​ថា​មាន​ក្នុង​វិញ្ញាណ​ខ្លះ ទិដ្ឋិ (ការយល់ឃើញ) ដំណើរ​គឺ​ទិដ្ឋិ ញាតស្បាត​គឺ​ទិដ្ឋិ ផ្លូវ​ឆ្ងាយ​គឺ​ទិដ្ឋិ ចម្រូង​គឺ​ទិដ្ឋិ ការយល់​ឆ្វេង​គឺ​ទិដ្ឋិ ការ​ប្រកប​ទុក​គឺ​ទិដ្ឋិ ការ​ប្រកាន់ ការ​ប្រកាន់​ស្អិត ការ​ប្រកាន់​លើសលុប ការ​ស្ទាបអង្អែល ផ្លូវ​អាក្រក់ ផ្លូវខុស ធម្មជាត​ដែល​ខុស លទ្ធិ​ដូចជា​កំពង់ ការ​ប្រកាន់​ក្នុង​ការស្វែងរក​ខុស​ណា ដែល​មាន​សភាព​បែបនេះ នេះ​ហៅ​ថា​សក្កា​យទិដ្ឋិ។
 [១៧២] បណ្តា​សញ្ញោជនៈ​ទាំងនោះ វិចិកិច្ឆា តើ​ដូចម្តេច។ បុគ្គល​ងឿងឆ្ងល់​សង្ស័យ​ចំពោះ​ព្រះ​សាស្តា ងឿងឆ្ងល់​សង្ស័យ​ចំពោះ​ព្រះធម៌ ងឿងឆ្ងល់​សង្ស័យ​ចំពោះ​ព្រះសង្ឃ ងឿងឆ្ងល់​សង្ស័យ​ក្នុង​សិក្ខា ងឿងឆ្ងល់​សង្ស័យ​ក្នុង​ខន្ធ​ខាងដើម ងឿងឆ្ងល់​សង្ស័យ​ក្នុង​ខន្ធ​ខាងចុង ងឿងឆ្ងល់​សង្ស័យ​ក្នុង​ខន្ធ​ខាងដើម និង​ខន្ធ​ខាងចុង ងឿងឆ្ងល់​សង្ស័យ​ក្នុង​ពួក​ធម៌​ដែល​កើតឡើង​ព្រោះ​អាស្រ័យ​នូវ​បច្ច័យ​នោះៗ
ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 637646508548010709
ទៅកាន់ទំព័រ៖